ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវជនសង្ស័យឆក់កាបូប បណ្តាលឲ្យដួលបោកក្បាលបែកមុខមាត់ រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ត្រីម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង នៅតាមដងផ្លូវសុខៗ ស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយ ហើយធ្វើសកម្មភាព ឆក់កាបូបស្ពាយមិនបានសម្រេច បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសបែកមុខធ្ងន់ធ្ងរ នៅមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ុន សុភី ភេទស្រី អាយុ៤៦ ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FA-4652 ធ្វើដំណើរទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះ តែមិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះ ដួលបោកទៅនឹងថ្នល់ រងរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ និងវង្វេងវង្វាន់បាត់ស្មារតី ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានធ្វើការសួរនាំទៅលើជនរងគ្រោះ ដោយជនរងគ្រោះ របួសធ្ងន់ធ្ងរ និងបាត់បង់ស្មារតី ដោយមិនដឹងថាខ្លួនគាត់ទើបចេញមកពីណា ហើយគោលបំណងទៅណានោះទេ ។ បន្ទាប់មកសមត្ថកិច្ច មូលដ្ឋានបានទំនាក់ទំនង ទៅសាច់ញាតិជនរងគ្រោះ ឲ្យចុះមកដល់កន្លែងកើតហេតុ រួចបាននិយាយថា ជនរងគ្រោះទើបនិងចេញពីផ្លូវជាតិលេខ៣ ភូមិកោះគង ក្នុងគោលបំណងទៅខេត្តព្រៃវែង ។ បន្ទាប់មកសាច់ញាតិ បានយកជនរងគ្រោះ ដាក់លើម៉ូតូកង់បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យដោយខ្លួនឯង ។ ចំណែកម៉ូតូសមត្ថកិច្ចប្រគល់សាច់ញាតិ យកត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់