ព័ត៌មានជាតិ

រថយន្តព្រុសបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃស្តាំ ក្នុងហេតុការណ៍ រថយន្តតូយ៉ូតាព្រុសបើកបត់ទៅបុកម៉ូតូ គ្រាដែលជនរងគ្រោះធ្វើដំណើរវិលទៅផ្ទះ កាលពីវេលាម៉ោង ៦និ៥០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ តេង សល់ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ រងរបួសបាក់ដៃស្តាំ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដា សេ១២៥ ធ្វើដំណើរតាមផ្លូវបេតុងពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាកព្រុស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2NA-4452 បើកតាមផ្លូវបេតុង ពីត្បូងទៅជើង មកដល់បួងចង្កូតបត់ទៅលិចជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃស្តាំ ហើយស្របពេលដែល រថយន្តបើកបុកម៉ូតូ នៅកណ្តាលផ្លូវ ស្រាប់តែមានរថយន្តកូរ៉េឃ្លប់ ដឹកទឹកកក បើកពីកើតទៅលិច ព្យាយាមគេច តែជ្រុលទៅធ្លាក់ក្នុងប្រឡាយ កង់មួយចំហៀង ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យដោយខ្លួនឯង ចំណែកមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់