ភ្នំពេញ: ប្រទេសកម្ពុជាបានប្រារព្ធទិវាសុខភាពពិភពលោក ក្រោមប្រធានបទ «ជំងឺទឹកនោមផ្អែម» ដើម្បីបង្កើនការយល់ដឹងពីការបង្ការ និងគ្រប់គ្រងបញ្ហាសុខភាព។
លោកជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ប៊ុនសេរី អភិបាលរងរាជធានីភ្នំពេញ តំណាងអង្គការសុខភាពពិភពលោក រួមនិងសិស្ស និស្សិត ប្រជាពលរដ្ឋជាង១០០នាក់ បានចូលរួមព្រឹត្តិការណ៍នេះ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទនេះ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១០ អ្នកផ្ទុកជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង២០ម៉ឺននាក់ ស្មើនឹងអត្រាប្រេវ៉ាឡង់២,៩ភាគរយ។ អ្នកកើតជំងឺនេះ មានចាប់ពីអាយុ២៥-៦៥ឆ្នាំ។
លោក ជូ យិនស៊ីម បានថ្លែងថា ការយកប្រធានបទនេះ គឺដើម្បីរួមគ្នាពង្រីកការការពារ និងពង្រឹងការថែទាំ ក៏ដូចជាបង្កើនការតាមដានជំងឺទឹកនោមផ្អែម។ ពិសេស ដើម្បីរួមគ្នាកាត់បន្ថយកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែម។ លោកបញ្ជាក់ថា ជំងឺទឹកនោមផ្អែម កើតឡើងតាមរយៈរបបអាហារដែលមិនត្រឹមត្រូវ ដូចជា៖ ការទទួលទានអាហារផ្អែមខ្លាំង អាហារមានជាតស្ក ខ្លាញ់ ការជក់បារី ការសេពគ្រឿងស្រវឹង ជាដើម។ នៅពេលមានផ្ទុកជំងឺនេះ វាបណ្តាលឲ្យប៉ះពាល់ដល់បេះដូង សរសៃ ឈាម ខួរក្បាល និងការបាត់បង់ជីវិត។ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឲ្យប្រជពលរដ្ឋ យល់ដឹងក្នុងការថែទាំសុខភាពរបស់ខ្លួនដូចជា៖ ការរក្សាទម្ងន់ឲ្យសមស្រប ធ្វើពលកម្ម ហាត់ប្រាណ និងកាត់បន្ថយរបបអាហារដែលមានជាតិស្ករ ខ្លាញ់ ការជក់បានរី គ្រឿងស្រវឹង។
លោក ប៊ុន សេរី បានថ្លែងថា ជំងឺទឹកនោមផ្អែម ជាជំងឺមួយដែលមិនអាចព្យាបាលជាដាច់ទេ។ លោកថា សាលារាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈពង្រឹងសេវា សុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការកែលម្អអនាម័យបរិស្ថាន ការចុះត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមបណ្តាផ្សារនានា ជាដើម។
មន្ត្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងថា ទោះបីជាជំងឺទឹកនោមផ្អែម មិនអាចព្យាបាលដាច់ក៏ដោយ តែវាអាចការពារបាន ដោយគ្រាន់តែប្រកាន់ភ្ជាប់នូវការរស់នៅ និងហូបចុកបានត្រឹមត្រូវ៕
មតិយោបល់