ព័ត៌មានជាតិ

រថយន្តបត់មិនប្រយ័ត្ន បណ្តាលឲ្យម៉ូតូបុកពេញទំហឹង ស្លាប់និងរងរបួសធ្ងន់ មនុស្ស៣នាក់

ត្បូងឃ្មុំៈ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង១០នាទី (យប់) លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៧-២០៨ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌លឿន មិនចាំផ្លាកលេខ មិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ ក្រោយពេលកើតហេតុ បើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់។ បង្កជាមួយម៉ូតូម៉ាកហុងដាបែត (HONDA BEAT) ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះគឹម លីវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង (របួសធ្ងន់) បានឌុបមនុស្សចំនួន០២នាក់៖

១-ឈ្មោះ រុំ ភារ៉ាក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា(របួសស្រាល)។ ២-ឈ្មោះ យស មិនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់)។ អ្នកបើកបរម៉ូតូ និងអ្នករូមដំណើរមិនពាក់មួកសុវត្ថិភាព។ ទិសដៅបើកបរៈ(ស្របទិសគ្នា) ដោយរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង បើកបរពីទិសខាងកើតទៅទិសខាងលិច តាមបណ្ដាលផ្លូវជាតិលេខ៧ (មេឃកំពុងភ្លៀង) លុះបើកបរដល់ចំណុចកើតហេតុបានបត់ឆ្វេង (បត់ចូលផ្លូវលំខាងត្បូង) ស្របពេលនោះក៏មាន ម៉ូតូម៉ាកហុងដាបែត (HONDA BEAT) ពណ៌ស បើកបរពីទិសខាងកើតទៅទិសខាងលិច(បើកបរពីក្រោយរថយន្ត) ប្រើប្រាស់ល្បឿនយ៉ាងលឿន បានបុកចំពាក់កណ្ដាលរថយន្តសាំយ៉ុង ផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង។

មូលហេតុ៖ កត្តាមនុស្ស(បត់គ្រោះថ្នាក់)។

ការខូចខាត៖ ម៉ូតូចំនួន០១គ្រឿង (កម្រិតធ្ងន់)។ អ្នករបួស ត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់ ។ សាកសព ជំនាញបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងម៉ូតូចំនួន០១គ្រឿង ជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់