ព័ត៌មានជាតិ

Update៖ រថយន្តបង្កបុកបុរសពីរនាក់ បណ្តាលឲ្យស្លាប់និងសន្លប់ បានបន្សល់ទុកកញ្ចក់មួយនៅកន្លែងកើតហេតុ

ភ្នំពេញ: រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសពីរនាក់ ស្លាប់ម្នាក់និងម្នាក់ទៀតសន្លប់មួយសន្ទុះ ខណ:ពេល ពួកគាត់កំពុងឈប់ម៉ូតូមុខហាងកាហ្វេ បំណងចូលហូបកាហ្វេ ដោយរថយន្តបន្សល់ទុកកញ្ចក់ថយន្តមួយនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងផ្សារព្រែកលៀប ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ កែវ វណ្ឌី អាយុ៤៨ឆ្នាំ មុខបរកម្មករនៅអង្គភាពលូទឹក នៃមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានលំឋានភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងមានកូនប្រុសស្រីក្នុងបន្ទុក៣នាក់ស្រី២ប្រុសម្នាក់ ។

អ្នកឌុបឈ្មោះ សឹម ភៀត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ អ្នកទាំង២ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1L3623 ។

ប្រភពព័ត៌មាន ពីបុរសដែលជាអ្នកឌុបជនរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីនាក់ បានជិះម៉ូតូមួយគ្រឿងចេញពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីមកហូបកាហ្វេដោយជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បូង ខណ:មកដល់មុខហាងកាហ្វេបានឈប់មូតូ ដើម្បីឱ្យបុរសដែលជិះពីក្រោយចុះ ពេលនោះស្រាប់តែឮសូរប្រាវគាត់ជាអ្នកឌុបនិងបុរសរងគ្រោះដួលទាំងពីរនាក់ ហើយក៏មិនដឹងថាឡាន ម៉ាកអ្វីនិងស្លាកលេខប៉ុន្មាន បុកកៀរបុរសនោះ បណ្តាលឲ្យដួលស្លាប់ដែរ ស្រាប់តែគាត់ដឹងខ្លួនឡើងវិញឃើញជនរងគ្រោះស្លាប់នៅក្រោមម៉ូតូទៅហើយ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យ មើលកន្លែងកើតហេតុ និងទាក់ទងជំនាញ ឲ្យចុះមកពិនិត្យវាស់វែង និងស្រាវជ្រាវរកតៃកុងរថយន្តបង្កអនុវត្តតាមច្បាប់ ។ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់