ព័ត៌មានជាតិ

ជនប្រើសារធាតុញៀន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាប់បុរសម្នាក់ ឲ្យរបួសដេរ១៩ថ្នេរ

សៀមរាបៈ កាលពីវេលាម៉ោង០៥ទៀបភ្លឺថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ខណៈ ជនរងគ្រោះឈ្មោះ យ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ ដើរមកពីដាក់សន្ទូចរកត្រី ហើយបែរភ្លើងពិល ត្រូវលើ ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង នាំគ្នាជក់ថ្នាំញៀន បណ្តាលឲ្យក្រុមជនសង្ស័យខឹង ហើយនាំគ្នា ជិះម៉ូតូនិងប្រើកាំបិ៤ត តាមរកនិងកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ នៅចំណុច ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់លោកវរសេនីយ៍ទោនួន ស័ក្តិចំរើន រិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ បានចុះ ដល់កន្លែង កើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាសង្ស័យ នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរនាំ ។ ហើយនៅថ្ងៃបន្ទាប់ វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានបន្តនីតិវិធី នាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សួន សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកសាកសួរនាំបន្ត ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់ ជក់ថ្នាំញៀននាថ្ងៃកើតហេតុពិតមែន ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ ដោយសារខឹងជនរងគ្រោះ ក្រុមខ្លួនក៏បាននាំគ្នាជិះម៉ូតូចំនួន០២គ្រឿង ទៅរកជនរងគ្រោះ ពេលឃើញជនរងគ្រោះ ឈ្មោះ រាក់ ភេទប្រុស អាយុ២០ឆ្នាំ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះ ចំណែកឈ្មោះ គល់ ភេទប្រុស អាយុ២០ឆ្នាំ (ជាអ្នកដឹកឈ្មោះរាក់) ឈ្មោះ សាក់ និងឡាយ ជិះម៉ូតូចាំនៅខាងក្រៅផ្ទះ ជនរងគ្រោះ ពេលធ្វើសកម្មភាពរួចបក្ខពួកខ្លួន បាននាំគ្នាគេចខ្លួនអស់។

ក្រោយធ្វើការសាកសួរ បានធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។ ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត បានធ្វើការកំណត់អត្តសញ្ញាណ រួចហើយ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការផ្ដន្ទាទោស តាមផ្លូវច្បាប់ និងសុំគោលការណ៍តាមស្វែងរកចាប់ខ្លួនបន្តទៀត ៕

#B26PoliceSR

មតិយោបល់