បាត់ដំបងៈ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អនុវត្តជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំឃាត់ខ្លួនមុខសញ្ញា(លួចពេលយប់) ចំនួន ២នាក់ នៅក្នុងមូលដ្ឋានក្រុងបាត់ដំបង ខណៈដែលមុខសញ្ញានេះកំពុងចេញធ្វើសកម្មភាពដូចរាល់ដង។
១-ឈ្មោះ នូ ចាន់ណាត ហៅ ឆាង ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅមិនប្រាកដ ស្នាក់នៅក្រោមស្ពានថ្មថ្មី ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ។
២-ឈ្មោះ រៀង លីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរត្តលៀប សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងឱ្យដឹងថា ការឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់នេះគឺ ក្នុងពេលពួកគាត់កំពុងធ្វើសកម្មភាពជាក់ស្តែងក្នុងមូលដ្ឋានដែលក្នុងនោះមានឈ្មោះ នូ ចាន់ណាត ហៅ ឆាង កុត ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលជាជនពិការ ជិះរទេះ ហើយរូបគាត់មានជំនាញខាងលួចយក អាគុយរថយន្តឬសម្ភារៈផ្សេងៗ នៅក្នុងរថយន្តដែលម្ចាស់ជាជនរងគ្រោះចតទុកនៅខាងក្រៅផ្ទះនាពេលយប់ ។
លោកអធិការបានបន្តថា ករណីនេះបានកើតមាន នាពេលកន្លងមកច្រើនលើកណាស់ និងដោយយល់ឃើញថា រូបគាត់ជាជនពិការ សមត្ថកិច្ចរបស់លោកបានត្រឹមតែធ្វើកិច្ចសន្យា អប់រំណែនាំឱ្យរូបគាត់ឈប់ប្រព្រឹត្តិសកម្មភាព (លួច) នេះជាបន្តទៀត ច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែរូបគាត់មិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថ្មីៗនេះមហាជននៅក្រុងបាត់ដំបងក៏បានបង្ហាញនូវសកម្មភាព (លួច) របស់គាត់ជាបន្តបន្ទាប់ទៀត និងសកម្មផងដែរតាមរយៈបណ្តាញសង្គម ។
ដោយអស់លទ្ធភាពក្នុងការអប់រំណែនាំដល់រូបគាត់ ទើបពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមអំពើល្មើសច្បាប់ដែល រូបគាត់បានប្រព្រឹត្តិ៕








មតិយោបល់