តាកែវ : ករណីអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងទឹកដីខេត្តតាកែវ ត្រូវបានបង្ក្រាបនិងបញ្ជូនឡើងតុលាការ ជារឿយៗ ហេតុអ្វីក៏នៅតែមិនស្បើយសោះយ៉ាងដូច្នេះ? នេះជាចម្ងល់របស់សាធារណជន ក៏ដូចជាសមត្ថកិច្ច។
ជាក់ ស្តែងនៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ជនសង្ស័យចែកចាយថ្នាំញៀន ០២នាក់ នឹងអ្នកប្រើប្រាស់ចំនួន០២នាក់ទៀត ត្រូវលោកវរសេនីយ៍ត្រី ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវដឹកនាំកម្លាំងចាប់ខ្លួនបានពេលកំពុងយកថ្នាំដើរចែកចាយទៅឲ្យអ្នកប្រើប្រាស់ផ្សេងទៀត។ លោក បានប្រាប់ថា អ្នកចែកចាយទាំង០២នាក់ នោះមានឈ្មោះ ចាន់ ស្រ៊ូ ហៅ ស៊ូ និង ឈ្មោះ ម៉ម ផៃ ទាំងពីរនាក់ រស់នៅភូមិចុងថ្នល់ ឯចំណែកអ្នកប្រើប្រាស់មានឈ្មោះ ខូច ខាវ និងម្នាក់ទៀតឈ្មោះ ផៃ ចិត្រា ហៅយី រស់នៅភូមិខាន់ខាវ សង្កាត់បារាយណ៍ ក្រុងដូនកែវ។
លោក អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ទៀតថា ក្រោយកម្លាំងរបស់លោកធ្វើការចាប់បានជនសង្ស័យចែកចាយ និងប្រើប្រាស់ទាំង៤នាក់ កាលពីយប់ថ្ងៃទី២៦ ហើយនោះគឺបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ពេលនេះ ខាងការិយាល័យគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ប៉ុន្តែទាក់ទង និងចម្ងល់របស់ក្រុម នគរបាល និងប្រជាពលរដ្ឋបាន និយាយថា ករណីជនសង្ស័យគ្រឿងញៀនកន្លងមកពេលបញ្ជូនទៅតុលាការគឺជាប់ឃុំមិនបានយូរ គឺជារឿងនីតិវិធីរបស់តុលាការ កម្លាំងរបស់លោកបានត្រឹមតែចាប់និងកសាងសំណុំរឿងបញ្ជូនឡើងទេ៕
មតិយោបល់