ព័ត៌មានជាតិ

នគរបាលខេត្តកណ្តាល ហៅម្ចាស់ផ្ទះ វី សុខហៀង ពាក់ព័ន្ធករណីលេងល្បែងស៊ីសង កត់កន្ទុយលេខ មកធ្វើការអប់រំនិងកិច្ចសន្យា

កណ្តាល: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺ ចំពោះមតិបងប្អូនប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «មានការកត់កន្ទុយលេខផ្ទះឈ្មោះ វី សុខហៀង នៅផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល»។

នៅថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩និង១០នាទី ។ ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវដល់ទីតាំងផ្ទះឈ្មោះ វី សុខហៀង ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជាលទ្ធផល គឺមិនពិនិត្យឃើញមានសកម្មភាពលួចលាក់កត់ល្បែងស៊ីសង(កន្ទុយលេខ)ខុសច្បាប់នោះទេ ។ ហើយកម្លាំងប៉ុស្តិ៍បែកចានបានធ្វើកំណត់ហេតុ អប់រំ ណែនាំ និងកិច្ចសន្យា ដល់ឈ្មោះ វី សុខហៀង ប្រសិនជាមានការលួចលាក់ធ្វើសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពីមុន ត្រូវបញ្ឈប់ជាបន្ទាន់ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ៕

មតិយោបល់