ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ទឹកដោះគោខាប់ ម៉្សៅស៊ុប ទឹកក្រូច និងសាប៊ូខាត់ស្បែក ហួសកាលបរិច្ឆេទប្រើប្រាស់

ស្វាយរៀងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារនៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ៣២ គំរូដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– ទឹកដោះគោខាប់ ចំនួន ២៤ កំប៉ុង
– នំក្តាម ចំនួន ៦០ កញ្ចប់
– ម៉្សៅស៊ុប ចំនួន ១៥ កញ្ចប់
– ទឹកសៀង ចំនួន ១១ ដប
– ផ្សិតកំប៉ុង ចំនួន ១០ កំប៉ុង
– ទឹកក្រូច ចំនួន ១០ ដប
– សាប៊ូខាត់ស្បែក ចំនួន ១៥ ដប។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់