ព័ត៌មានជាតិ

ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ករណីចរាចរណ៍នៅសៀមរាប

សៀមរាប: កាលពីនៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ចំណុចខាងត្បូងស្តុបកោះកេរិ៍ត ២៥០ម៉ែត្រ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប លើដងវិថីវត្តបូព៌ ទល់មុខមន្ទីរពហុព្យាបាលខេរ៉ាអង្គរ២ មានគ្រោះថ្នាក់ចរាចណ៍រថយន្តស៊ីណា បុករថយន្តព្រូសកំពុងចតស្ងៀម និងបុកបង្គោលភ្លើងនៅ ខាងត្បូងស្តុបកោះកេរិ៍ត បណ្ដាលឲ្យស្លាប់មនុស្សប្រុសស្រីពីរនាក់ ម្នាក់ជាតៃកុងរថយន្ត និងអ្នករួមដំណើរក្នុងនោះរបួសធ្ងន់ស្ត្រីម្នាក់ ខូចខាតរថយន្តទាំងពីរគ្រឿងផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យថាករណីនេះស្ត្រីអ្នករួមដំណើរឈ្មោះម៉ាត ម៉ារ៉ានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តម៉ាកស៊ីណាពាក់ស្លាកលេខ សៀមរាប 2C-6063 ឈ្មោះសាំង សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់នៅមន្ទីរពេទ្យ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះគឹម រដ្ឋា ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសធ្ងន់។ ដោយឡែករថយន្តព្រូសពាក់ស្លាកលេខ សៀមរាប 2B-9515 ពណ៌ទឹកប្រាក់រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងរួចសម្ភារទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់