ព័ត៌មានជាតិ

ម៉ូតូឡាំប្រឺតាមួយគ្រឿង ត្រូវរថយន្តបុកពេញទំហឹង នៅពេលរំលងអធ្រាត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូឡាំប្រឺតា ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចស្តុបក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានម៉ូតូឡាំប្រឺតា ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HU-8743 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមដងផ្លូវ R6 ក្នុងទិសដៅពីជើងមកត្បូង បានឆ្លងកាត់ទទឹងផ្លូវសហព័ន្ធរុស្ស៊ី ខណៈនោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI -8145 បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មានល្បឿនយ៉ាងលឿន បុកឡំប្រឺតាចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូឡំប្រឺតា រងរបួសធ្ងន់និងម៉ូតូរួញផ្នែកខាងមុខចូលគ្នាខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កម៉ាក Tundra វិញបានបែកកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹក យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ។ ដោយឡែកវត្ថុតាងទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយបន្ត ៕

មតិយោបល់