ព័ត៌មានជាតិ

រថយន្តបើកវ៉ាជែងមិនប្រយ័ត្ន បុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៥

កំពង់ស្ពឺ: នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូមួយគ្រឿងពេញទំហឹង ស្លាប់ស្រ្តីម្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩ និ ង៤០ ស្ថិតក្នុងភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនបង្កឈ្មោះរឹម ជីវាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ចំណែកជនរងគ្រោះឈ្មោះ ប្រាំង ចន្ធូ ភេទស្រី អាយុ២៥ឆ្នាំ ស្លាប់ រស់នៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E7323 បើកបរសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ 4A1139 ដឹកកុងតឺន័រ
បើកបរដោយឈ្មោះរឹម ជីវាន់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកបរពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AB.7466 អ្នកបើកបរម៉ូតូឈ្មោះ ប្រាំង ចន្ធូ ភេទស្រី អាយុ២៥ឆ្នាំ ស្លាប់ រស់នៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ទិសដៅបញ្ច្រាសគ្នាពេញទំហឹង អូសនិងកិននារីរងគ្រោះជាង១០ម៉ែត្រ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្ត រួមទាំងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពនារីរងគ្រោះ ត្រូវប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់