ព័ត៌មានជាតិ

អុញនោះ! ពុលត្រីកំពត ស្លាប់ និងរងគ្រោះធ្ងន់ ០៣ នាក់

ត្បូងឃ្មុំៈ លោកវរសេនីយ៍ទោ ប៉េង អេងហាក់ អធិការនគរបាលស្រុកតំបែរ បានប្រាប់ Post News ថា នៅវេលាម៉ោង ៧ និង៣០ នាទីព្រឹក ថ្ងៃទី២៣ ខែមេសានេះ មានករណីពុល ត្រីកំពត បណ្តាលឲ្យស្លាប់ម្នាក់ និងរងគ្រោះធ្ងន់ ០២នាក់ នៅចំណុចភូមិសែនមនោរ័ត្ន ឃុំត្រពាំងព្រី ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះ ទី១ ឈ្មោះ ផល ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ស្លាប់) ទី២ ឈ្មោះ ត ភីន ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ត ផាត ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ដោយអ្នកទី២ និង៣ រស់នៅភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែងជាមួយគ្នា បានរងគ្រោះធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកឆ្លូងខេត្តក្រចេះ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្តាលមកពីជនរងគ្រោះទាំងបីនាក់ បានឆ្លៀតពេលទំនេរ ពីការងារក៏នាំគ្នាទៅបង់សំណាញ់នៅបឹងពព្រេង ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ដើម្បីយកមកធ្វើម្ហូប ពេលត្រឡប់មកដល់ផ្ទះវិញ ក៏នាំគ្នាហូបត្រីកំពតនោះ បណ្តាលឲ្យពុលស្លាប់ និងរងគ្រោះធ្ងន់តែម្តង ៕

មតិយោបល់