ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ២និង១៧នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណីនារីម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កឲ្យការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចអាហារដ្ឋានយីហោ « ម៉ូន » នៅផ្ទះលេខ២២ ស្ថិតក្នុងភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ចាន់ សុគន្ធា ភេទស្រី អាយុ២០ឆ្នាំ មុខរបរអ្នកបម្រើអាហារដ្ឋានម៉ូន បច្ចុប្បន្នស្នាក់នៅក្នុងហាង មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ពេលចប់ម៉ោងការងារក្នុងហាង បានសម្រាកនៅបន្ទប់ជាន់លើ ពេលនោះប្អូនមិនឃើញបងស្រី ចូលមកជាមួយនោះទេ ស្មានថាគាត់ដើរចេញទៅខាងក្រៅ លុះពេលមកដល់ម៉ោងកើតហេតុ ដោយបាត់បងស្រីយូរពេក ប្អូនស្រីបានដើររកបងក្នុងបរិវេណហាង រហូតដល់ជាន់ខាងលើដំបូល ស្រាប់តែឃើញបងស្រីរបស់ខ្លួនចងកសម្លាប់ខ្លួនជាប់នឹងដែកធ្នឹមដំបូល បណ្តាលឲ្យបាត់បង់អាយុជីវិតបាត់ទៅហើយ រួចបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចតែម្តង ។ ស្រ្តីរងគ្រោះខាងលើ ប្អូនស្រីបានបញ្ជាក់ថា បងស្រីរបស់នាងបានលេងហ្វេសប៊ុក និងឆាតឆ្លើយឆ្លងនិង មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ហើយប្អូនតែងតែលឺសំឡេងទាស់គ្នាជាច្រើនលើកច្រើនសាផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យសាកសពស្រ្តីរងគ្រោះខាងលើ រួចបញ្ជាក់ថាពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ហើយបានប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់