ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ វ៉ាជែងរថយន្តទាក់ដៃចង្កូត បណ្ដាលឱ្យដួលម៉ូតូ កាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៦អា ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខមួយកន្លែង ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ បង ស្រីណា អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាជិម ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ សេ125 ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។ ចំណែកបុរសដែលឌុបស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ រងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នពីរនាក់ ធ្វើដំណើរចេញពីខេត្តកំពង់ចាម មករាជធានីភ្នំពេញ ដើម្បីមកជោះឈាមចូលរៀននៅសាលាព្រះគម្ពីយេស៊ូនៅរាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង ធ្វើដំណើរស្របទិសដៅគ្នា មិនទាន់ផុតផង ក៏មានរថយន្តមួយគ្រឿងទៀត មកពីក្រោយម៉ូតូជនរងគ្រោះខាងស្ដាំដៃ បណ្តាលឱ្យកៀរទាក់ដៃចង្កូតដួល ខ្ទាតនារីរងគ្រោះអង្គុយពីក្រោយ ចូលខាងមុខរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់ពីកើតហេតុរថយន្តមិនចាំម៉ាកទាំង២គ្រឿង បានបើកគេចខ្លួនបាត់ស្រមោល បន្សល់តែសពនារីរងគ្រោះ និងម៉ូតូព្រមទាំងជនរងគ្រោះម្នាក់ របួសស្រាលនៅកន្លែងកើតហេតុ។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ធ្វើការយកសពជនរងគ្រោះដាក់នៅក្នុងរថយន្តសាម៉ុយ នឹងទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់