ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុន M.D.A ម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីប្រព្រឹត្តអំពើលួច

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាល ខណ្ឌចម្ការមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខខនដូសាម៉ា ដែលមានទីតាំងផ្ទះលេខ១១A ផ្លូវលេខ២៩ ក្រុមទី២៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសលួចម៉ូតូ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣ និង៥០នាទី នៅចំណុចស្ថានីយវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ដែលមានទីតាំងផ្ទះលេខ២AB ផ្លូវលេខ៣១៧ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជនក្រុមហ៊ុន M.D.A ស្នាក់នៅបណ្ដោះអាសន្នក្នុងក្រុមហ៊ុន សន្តិសុខឯកជន M.D.A ទីតាំងផ្ទះមិនស្គាល់លេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់