ព័ត៌មានជាតិ

Update៖ បុរសម្នាក់ទើបចេញពីមណ្ឌលកែប្រែមកវិញ គ្មានផ្ទះសម្បែងស្នាក់នៅ ចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងផ្ទះបាញ់ត្រីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃច័ន្ទទី១២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១១៧ កន្លែងបាញ់ត្រីមួយកន្លែងខាងជើងផ្សារថ្មី ជិតបេនឡាន បាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូ មករា ហៅ (អាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងរស់នៅមិនពិតប្រាកដ។

តាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះខាងលើ បានចូលទៅលេងក្នុងកន្លែងបាញ់ត្រី ហើយមួយសន្ទុះក្រោយមក ឃើញចូលទៅខាងក្នុងជិតបន្ទប់ទឹក មិនបានចេញមកវិញ ក៏ស្រាប់តែពេលនោះ មានបុរសម្នាក់ដើរចូលទៅបន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះខាងលើ ចងកជាមួយនឹងក្រមា ស្លាប់បាត់ទៅហើយ។
បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋអ្នកជិតខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ ហ៊ំព័ទ្ធកន្លែងកើតហេតុ មិនឲ្យអ្នកណាចូលហើយ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ ចុះមកពិនិត្យជាក់ស្ដែង នៅកន្លែងកើតហេតុ ។

តាមសម្ដីសាច់ញាតិ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើ ធ្លាប់ជាប់មណ្ឌលកែប្រែ ទើបតែចេញពីមណ្ឌលកែប្រែមកវិញ ដោយ មិនមានផ្ទះសម្បែងស្នាក់នៅ គឺដើរទៅជ្រកកោនគ្រប់កន្លែង ហើយមិនដឹងថា មានរឿងអ្វីនោះទេ បានចងកសម្លាប់ខ្លួនបែបនេះ ទៅវិញ។ សមត្ថកិច្ចបានត្រួតពិនិត្យឃើញជាក់ស្តែងថា ពិតជាចងកសម្លាប់ខ្លួនអត្តឃាតខ្លួនឯងពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ ៕

មតិយោបល់