ព័ត៌មានជាតិ

បងប្អូន! ​ មន្ត្រីជំនាញរកឃើញ ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ និង ទឹកប្រេងខ្យង ហួសកាលបរិច្ឆេទប្រើប្រាស់

តាកែវៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងបរិភោគ ក្នុងផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៦គំរូ ដូចជា៖ ពពុះសណ្តែក ជ្រក់ត្រសក់ ជ្រក់ទំពាំង គុយទាវសរសៃធំ-តូច និងលត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖
– ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៦គីឡូក្រាម
– ទឹកប្រេងខ្យងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣ដប ស្មើនឹង ៣គីឡូក្រាម
សរុបដកហូតបានចំនួន ៩គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់