បាត់ដំបង៖មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនៃកងរាជអាវុធហត្ថនិងកងកំលាំងនគរបាល ដោយសារតែមានបុរសម្នាក់ដែលរស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងបានចាប់កូនស្រីរបស់ខ្លួនដែលទើបតែមានអាយុជាងមួយខួបចូលសំងំបិទទ្វារនៅក្នុងផ្ទះ ដោយគំរាមទៅម្តាយថានឹងចាក់សាំងដុតសំលាប់ខ្លួនជាមួយនឹងកូនកាលពីម៉ោង 11 ថ្ងៃត្រង់នាថ្ងៃទី 8-4-15 ហើយរហូតមកទល់នឹងម៉ោង 3 រសៀលគឺមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។នៅក្នុងខណ:នោះផងដែរគេសង្គេតឃើញមានវត្តមានរបស់លោកព្រះរាជអាជ្ញានួន សានលោកស្នងការរងជេត វណ្ណនី ព្រមទាំងកំលាំងកងរាជអាវុធហត្ថសហការជាមួយផងបានចុះទៅចំនុចខាងលើក្នុងគោលបំណងចរចាររកដំណោះស្រាយអោយបុរសរូបនេះបើកទ្វារដើម្បីយកកូនតូចនោះចេញមកក្រៅ។ស្ថិតក្នុងសភាពទឹកភ្នែករលីងរលោង អ្នកស្រីសៀង ហ៊ាន អាយុ 61 ឆ្នាំត្រូវជាម្តាយរបស់ជនបង្ក បានរៀបរាប់ថា កូនប្រុសរបស់គាត់មានប្រពន្ធចំនួនពីរនាក់មកហើយ ហើយម្នាក់ៗសុទ្ធតែរត់ចោលវាទាំងអស់ដោយសារតែមិនអាចរួមរស់នៅជាមួយគ្នាបាន មូលហេតុកូនរបស់គាត់បានប្រើប្រាគ្រឿងញៀនរហូតស្ទើរតែបែកទៅហើយ ថែមទាំងវាយធ្វើបាបប្រពន្ធទៀត។អ្នកស្រីបានបន្តថា ប្រពន្ធទីពីររបស់វាគឺទើបតែចុះចេញប្រហែលជាងមួយខែនេះដោយនាងបានយកកូនស្រីដែលមានអាយុជាងមួយខួបទៅជាមួយផង បញ្ហានេះហើយដែលវាចាប់ផ្តើមរករឿងគាត់យ៉ាខ្លាំង ដោយបានដេញគាត់អោយទៅយកកូនស្រីនោះមកវិញរហូតវាហ៊ានទាញញញួររកវាយក្បាលរបស់គាត់ថែមទៀត នៅទីបំផុតគាត់ក៏បានទៅយកកូននោះមកវិញ ប៉ុន្តែអ្វីៗមិនត្រូវបានផ្លាស់ប្តូរនោះទេ គឺវានៅតែរករឿងដដែល ហើយនៅថ្ងៃកើតហេតុនេះវាបានកញ្ឆក់កូនស្រីពីដៃរបស់អ្នកស្រីរត់ឡើងទៅលើផ្ទះដោយបានបិទទ្វារដាក់គន្លឹះជាប់ពីខាងក្នុង នៅក្នុងនោះដែរវាបានត្រៀមនូវដបសាំងចំនួនកន្លះលីត្រ ញញួរមួយ ដែកស្បែងមួយដើម កូនកាំបិតមួយ ដោយគំរាមសំលាប់ខ្លួនជាមួយនឹងកូនស្រីដ៏តូចនោះក្នុងវិធីចាក់សាំងដុត។ ដោយមានការភ័យខ្លាច ស្ត្រីជាម្តាយបានរាយការណ៍ទៅសមត្ថកិច្ចរហូតផ្អើលទាំងប្រជាពលរដ្ឋមកចោមរោមមើលពេញពីមុខផ្ទះ នៅពេលនោះដែរទាំងលោកព្រះរាជអាជ្ញា ក៏ដូចជាសមត្ថកិច្ចបានរិះរកវិធី ដើម្បីរំដោះកូនតូចនោះអោយបានចេញមកខាងក្រៅប៉ុន្តែគ្មានប្រយោជន៍ដោយសារតែជននេះមិនព្រមបើកទ្វារជាដាច់ខាត ដោយមានការព្រួយបារម្ភចំពោះអគ្គីភ័យដែលអាចកើតមានឡើងនោះរថយន្តពន្លត់អគ្គីភ័យក៏បានចេញមកចតក្បែរចំនុចកើតហេតុដើម្បីត្រៀមលក្ខណ:ដែរ។ទីបំផុត ប្រហែលជាម៉ោង 3 រសៀលលោកស្នងការបានបញ្ជាអោយដកកំលាំងចេញអោយអស់សិនដោយគ្រាន់តែទុកកំលាំងបង្កប់តែប៉ុណ្ណោះរង់ចាំឃាត់ខ្លួនខណ:ដែលជននេះបើកទ្វារចេញមកក្រៅជននេះមានឈ្មោះប៊ួ រ័ត្នសំណាង ហៅទៀង អាយុ 31 ឆ្នាំ ជាជនញៀនថ្នាំរហូតបែកទៅហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងត្រៀមខ្លួនក្បែរៗចំនុចនោះនៅឡើយរង់ចាំឱកាសហុចអោយ៕
ព័ត៌មានជាតិ
មតិយោបល់