ព័ត៌មានជាតិ

ឃាត់ខ្លួនឪពុកបង្កើតម្នាក់ ករណីចាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួន

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងទី១៣ ខែតុលា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះត្រូវជាកូនបង្កើត)​ ឈ្មោះ ក.ខ. ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ខេត្តកណ្ដាល ។

ជនសង្ស័យ ត្រូវជាឪពុកបង្កើត(ឃាត់ខ្លួន)ឈ្មោះ ម. ស. ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ខេត្តកណ្ដាល ។
នៅថ្ងៃខែកើតហេតុ ក្រោយពីម្ដាយជនរងគ្រោះទៅធ្វើការនៅរោងចក្រ ដោយទុកកូន០៣នាក់ ទៅជាមួយជនសង្ស័យជាឪពុក ដោយជនរងគ្រោះជាកូនស្រី ពេលនោះមានអាយុ១៣ឆ្នាំ នៅវេលាម៉ោង០៨និង០០នាទីព្រឹក ដោយប្អូនប្រុសជនរងគ្រោះ០២នាក់ ទៅដើរលេងបាត់ ក្នុងពេលនោះជនសង្ស័យក៏បានហៅជនរងគ្រោះឱ្យឡើងទៅលើផ្ទះ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ស្រាតខោអាវ ហើយរំលោភជនរងគ្រោះ រហូតបានសម្រេច ហើយជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានប្រាប់ម៉ែង៉ែង អញនឹងសម្លាប់ចោល ។

ចាប់ពីពេលនោះមកជនសង្ស័យបានបន្តធ្វើសកម្មភាពរំលោភជនរងគ្រោះជាបន្តបន្ទាប់ លើកលែងតែថ្ងៃអាទិត្យ ដែលម្តាយជនរងគ្រោះនៅផ្ទះ តែជនរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយរបស់ខ្លួនឡើយ ។ រហូតមកដល់ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីព្រឹក ក្រោយពីម្ដាយជនរងគ្រោះទៅធ្វើការរោងចក្របាត់ ជនរងគ្រោះក៏បានទៅលាងចានឆ្នាំង ក្នុងពេលនោះជនសង្ស័យក៏បានចាប់បីជនរងគ្រោះចូលក្នុងបន្ទប់ ហើយក៏ចាប់ស្រាតខោអាវ ធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច បន្ទាប់មកជនសង្ស័យបានប្រើជនរងគ្រោះឲ្យទៅខ្ចីលុយឈ្មោះ រី ចំនួន០២ម៉ឺនរៀល តែឈ្មោះ រី មិនមានលុយឲ្យខ្ចីនោះទេ ពេលនោះជនរងគ្រោះ ក៏នៅនិយាយលេងហើយក៏បានប្រាប់រឿងរ៉ាវរបស់ខ្លួនកន្លងមកប្រាប់ទៅឈ្មោះរឹម ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ រី ក្រោយពីដឹងរឿងរ៉ាវ បន្ទាប់មកឈ្មោះ រុន និងឈ្មោះឌី ក៏បានជូនជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។

ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានឆ្លើយសារភាពទេ។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់