ភ្នំពេញៈ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯងហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី ២នាក់ ជិះម៉ូតូមួយគ្រឿងបានសម្រេច ហើយត្រូវបានជនរងគ្រោះដេញតាមក្រោយស្រែកថា ចោរៗភ័យពេកជិះទៅបុកគូទរថយន្តកូរ៉េដួល ត្រូវចាប់វាយមួយដៃមួយជើងទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវលេខ៧០ នៅចំណុចមុខការ៉ាស់សាំងតូតាល់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាអ្នកជិះឌុបឈ្មោះ សៀវម៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ ហើយទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាក huawei ចំណែកឯប្អូនជិះពីក្រោយមានឈ្មោះ យូរ៉ា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកទាំងពីរនាក់ មានស្រុកកំណើតនៅភូមិកកោះ ឃុំខ្វាវ ស្រុកត្រាំង ខេត្តតាកែវ។
ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ខ្មៅពាក់ផ្លាកលេខតាកែវ1N-3741។
ជនសង្ស័យមានឈ្មោះ យឹម ចាន់នី ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ម៉ូតូធ្វើសកម្មភាពហ្នឹងគឺម៉ាក honda click ពណ៌សលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1AK3357។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងពីរនាក់បងប្អូន តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ទៅដល់ចំណុចស្តុប ក្តាន់២ បានឈប់ម៉ូតូហើយក៏ដកទូរស័ព្ទម៉ាក huawei ១គ្រឿងនិយាយទៅរកម៉ូយដែលកម្មង់ឥវ៉ាន់អនឡាញ ស្របពេលនោះដែរក៏មានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះជាអ្នកឌុបបានសម្រេច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់បានហើយ បានជិះម៉ូតូព្យាយាមគេចខ្លួនតែត្រូវបានជនរងគ្រោះ និងអ្នកធ្វើដំណើរតាមដងផ្លូវជួយដេញស្រែកថា ចោរៗមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យភ័យស្លន់ស្លោពេក ក៏ជិះម៉ូតូជ្រុលចង្កូតទៅបុកគូទរថយន្តកូរ៉េមួយគ្រឿង កំពុងឈប់នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលភ្លាមៗ នោះត្រូវបានប្រជាពលរដ្ឋចាប់វាយមួយដៃមួយជើងម្នាក់ បណ្ដាលឱ្យទ្រមខ្លួនហើយប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកសាកសួរនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចា
ត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់