(ភ្នំពេញ) ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារបានចុះវាយកម្ទេចសំណង់មួយកន្លែង ដែលជារបស់លោក ជា សុ៊នហាក់ ដែលបានធ្វើឲ្យប៉ះពាល់ដល់ច្រាំងទន្លេ និងស្ថានីយ៍បូមទឹកនៅមុខរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ ដែលស្ថិតនៅច្រាំងទន្លេ ភូមិ នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦ ។
បើតាមការបញ្ជាក់របស់លោក ហាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានប្រាប់ថា ម្ចាស់ទីតាំងដែលបានសាងសង់សំណង់រឹងនៅជិតស្ថានីយ៍បូមទឹកស្អាតនោះ គឺបានលួចធ្វើរបងតាំងពីឆ្នាំ២០១៤ បើទោះបីជាអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បានចេញលិខិតហាមឃាត់ម្ចាស់សំណង់ឈ្មោះ ជា សុ៊នហាក់ ក៏ដោយនៅតែម្ចាស់សំណង់ខាងលើមិនព្រមធ្វើតាម ។
លោក ហាក់ វុទ្ធី បានបន្តទៀតថា ក្នុងការលួចសាងសង់របង និងធ្វើសំណង់រឹងនៅជិតស្ថានីយ៍បូមទឹក បានបង្កឲ្យប៉ះពាល់ដល់រោងចក្រផលិតទឹកស្អាតរបស់រដ្ឋករទឹក ស្វយ័តក្រុងភ្នំពេញ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ។
លោក ហាក់ វុទ្ធី បានរំលឹកទៀតថា កាលពីឆ្នាំ២០០៥ ម្ចាស់ទីតាំងខាងលើនេះ បានសាងសង់សំណង់រឹង ដើម្បីស្តកខ្សាច់ ដែលបូមពីទន្លេ តែក្រោយមកខាងរោងចក្រផលិតទឹកស្អាត បានស្នើទៅអភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ចុះមកទប់ស្កាត់ ទាន់ពេល លុះមកដល់ឆ្នាំ២០១៤ ស្រាប់តែម្ចាស់ទីតាំងខាងលើនេះ បានលួចសាសង់សំណង់រឹងនៅពេលយប់ បានធ្វើចេញជារបង ហើយបានរំលោភលើច្រាំងទន្លេទៀតផង ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ គណៈកម្មការចំរុះដែលដឹកនាំដោយលោក ហុ៊យ សារុន អភិបាលរងខណ្ឌជ្រោយចង្វារ បានជូនដំណឹងនិងធ្វើកំណត់ហេតុតំរ៉ូវឱ្យម្ចាស់សំណង់រុះរើខ្ចូសដែលសង់នៅច្រាំងទន្លេ តែម្ចាស់សំណង់មិនបានអនុវត្តតាមនោះទេ ។
ក្រោយមកអាជ្ញាធរខណ្ឌជ្រោយចង្វារបានចេញសេចក្តីជូនដំណឹងនិងដាក់ឱសានវាតឱ្យរុះរើចេញជាច្រើនលើកច្រើនសារមកហើយ តែមិនបានលទ្ធផលឡើយ ។ ដោយគាត់មិនអនុវត្តតាមអ្វីដែលជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរ បុ៉ន្តែពេលនេះអាជ្ញាធរនឹងប្រើធម៌ក្តៅចំពោះការយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
ក្រោយមកខាងមន្ត្រីស្ថានីយ៍បូមទឹកស្អាត បានរាយការណ៍ទៅអភិបាលខណ្ឌ និងអភិបាលក្រុង ចំនួន ០២ដង ទើបនៅដើមខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានសម្រេចឲ្យអាជ្ញាធរចាត់វិធានការណ៍ ជាបន្ទាន់រហូតចុះមកវាយកម្ទេច ចោលនៅថ្ងៃនេះតែម្តង ៕
មតិយោបល់