ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ អាយុមិនទាន់ដល់ ២០ឆ្នាំផង ក្លាយទៅជាអ្នកជំនាញឆក់ទូរស័ព្ទ

ភ្នំពេញ: ជនសង្ស័យ ២នាក់មានអាយុមិនដល់ ២០ឆ្នាំ ក្លាយជាអ្នកជំនាញឆក់ទូរស័ព្ទ តែចំថ្ងៃស៊យ បន្ទាប់ពីធ្វើសកម្មភាពរួចតែរត់មិនរួចត្រូវអស់ល័ក្ខ កាលពីវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិនៅព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ជួន សុខជាតិ អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ទី២ ឈ្មោះ អេឡិច តារាពេជ្រ អាយុ ១៨ឆ្នាំ ស្នាក់នៅ នៅភូមិចំការឪឡឹក សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី អាយុ ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះ បានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីជើងទៅត្បូង រហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលេចមុខជនសង្ស័យទាំង ២នាក់ខាងលើ ជិះម៉ូតូម៉ាក ឃ្លិច ពណ៌ឈាមជ្រូកមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាក អាយហ្វូន ពីនារីរងគ្រោះ រួចព្យាយាមជិះគេចមកដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បាន ស្វាគមន៍មួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗយកមកសួរនាំ និងកសាងសំណុំរឿងទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់