កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៤០នាទី មានករណីប្រើអំពើហិង្សាមួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងកម្មពិធីរៀបអាពាហ៍ពិពាហ៍ នៅចំណុចផ្ទះឈ្មោះ ប៉ារ៉ា សុខុម (ប្តីប្រពន្ធ) ក្នុងភូមិសាស្ត្រភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានកម្មពិធីរៀបអាពាហ៍ពិពាហ៍ មានឈ្មោះហ៊ឹម ឡាយ ភេទប្រុស អាយុ២៥ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ត្រូវជាសាច់ញាតិម្ចាស់ដើមការ បានមកជួយបម្រើភ្ញៀវក្នុងកម្មពិធីនោះ ដោយនឿយហត់អស់កម្លាំងពេក ក៏ដើរចូលទៅក្នុងបន្ទប់តុបតែងកូនប្រុសកូនស្រីបម្រុងដេក ភ្លាមនោះស្រាប់តែមានឈ្មោះនិត កុសល ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិ ខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានចូលទៅចាប់ក្របួចកអាវដាល់ទៅលើឈ្មោះ ហ៊ឹម ឡាយ បណ្តាលឱ្យរងរបួសជាំភ្នែកខាងស្តាំ និងបែកខ្ទង់ច្រមុះហូរឈាម ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យស្រុក ។ ចំណែកឈ្មោះ និត កុសល ភេទប្រុស អាយុ២០ ឆ្នាំ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់