ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ឆក់ទូរស័ព្ទដៃនារីម្នាក់ពេលកំពុងជិះម៉ូតូបានសម្រេចតែ…

កណ្ដាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នា២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីម្នាក់ខណ:កំពុងជិះម៉ូតូតាមដងផ្លូវ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤០នាទី ត្រង់ចំណុចផ្លូវលេខ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ៖ ជនសង្ស័យចំនួន៤នាក់.ចាប់ខ្លួនបាន២នាក់ ទី១.ឈ្មោះ សុខ សាន់ដេត ហៅដេត ភេទប្រុសអាយុ១៦ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិត មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២.ឈ្មោះ ឡន ពន្លឺ ភេទប្រុស.អាយុ១៥ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមិនពិត មានទីលំនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យ២នាក់ទៀត.រត់គេចខ្លួនទី១.ឈ្មោះ អៀង ភេទប្រុស. អាយុប្រហែល២៨ឆ្នាំ.មុខរបរមិនពិត មិនស្គាល់អាស័យដ្ឋាន.និងទី២.ឈ្មោះ ចាក ឬឈ្មោះ កុដ ភេទប្រុស.អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិត មិនស្គាល់អាស័យដ្ឋាន។ រីឯជនរងគ្រោះឈ្មោះ មាស ពិសី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ដោយឡែកវត្ថុតាងដកហូតបានមាន: ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០២០។ ចំណែកទ្រព្យសម្បត្តិបាត់បង់មាន: ទូរស័ព្ទមួយគ្រឿងម៉ាក iPhone XS Max។
ប្រភពដដែលបន្តថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដើម្បីយកផលិតផលលក់តាមអនឡាញទៅឲ្យភ្ញៀវនៅម្ដុំភូមិឡឃ្យូង.ឃុំសំបូរ.ស្រុកសំរោងទង.ខេត្តកំពង់ស្ពឺ ហើយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។ លុះជិះដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយបានឆក់យកទូរស័ព្ទពីឃ្លុបម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញពីក្រោយនិងស្រែកថាចោរៗ ហើយបានជួបសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវ ក៏បានជួយដេញស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់តែម្ដង យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ។
សុំបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សាន់ដេត មានដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ៤៦០ដក.បចខ ពីបទ៖ អំពើលួចមានស្ថានទម្ងន់ទោស ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ ចុះថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ ។ ហើយធ្លាប់ជាប់មណ្ឌល់អប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន០៨ខែផងដែរ ៕

 

មតិយោបល់