ព័ត៌មានជាតិ

ឡិចស៊ីសបត់ចូលរោងការ ម៉ូតូមកពីក្រោយបុកពេញទំហឹង របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងស្រី្ត២នាក់ទៀត បានបើករថយន្ត១គ្រឿងម៉ាកឡិចស៊ីស បត់ឆ្លងផ្លូវបំណងចូលទៅរោងការ ត្រូវបានម៉ូតូដែលបើកក្នុងលឿនពេកជ្រុលទៅបុកចំចំហៀងក្បាលរថយន្ត បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រី២នាក់ទៀតបើករថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-7541 បើកតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ឆ្លងផ្លូវបំណងចូលទៅកន្លែងពិធីមង្គលការ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកវ៉េវអាហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-1758 បើកតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុកចំហៀងក្បាលរថយន្តខាងស្ដាំ បណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្តរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅកាន់ប៉ុស្ដិ៍នគរបាលចាក់អង្រែលើ​ ខណ្ឌមានជ័យដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់