ព័ត៌មានជាតិ

មីខូចគុណភាពនិងនំស្រួយរូបបង្កងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០.១៨គីឡូក្រាម និង ១២កញ្ចប់ ត្រូវបានមន្ត្រីសាខា ក.ប.ប. ដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចំការគរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-កំទេចមីខូចគុណភាព ចំនួន ២០.១៨គីឡូក្រាម
-នំស្រួយរូបបង្កងហួសកាលបរិច្ឆេទប្រើប្រាស់ ១២កញ្ចប់
សរុបទំនិញដែលហូតដកបានសរុបចំនួន ២០.១៨គីឡូក្រាម និង ១២កញ្ចប់។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់