ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៨នាក់ករណីគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុ បញ្ញា ជាក្រឡាបញ្ជី ដឹកនាំដោយលោក រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោក ស៊ិន វណ្ណ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះទៅដល់បន្ទប់គ្មានលេខ(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងខាងលើនេះ រកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៤០កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន០៤នាក់ បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាប តាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី០១នាក់ និងម៉ូតូចំនួន១២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនមកកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់