ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ឆក់ទូរស័ព្ទដៃបានហើយ រត់មិនរួច ត្រូវសមត្ថកិច្ចក្របួចបាន នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី មានករណីជនង្ស័យ២នាក់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តព្រះបាទជាន់ឯក ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អាយ គឹមអេង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១៩៨E ផ្លូវលេខ៩ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ជា លីពីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង, ដែកចុងស្រួចបែកខ្នែងជាបីចំនួន០១ , កូនកន្ត្រៃតូចពណ៌សចំនួន០១, ដែកចុងស្រួចពណ៌សចំនួន០១, កាបូបស្ពាយចំនួន០១,កូនសោម៉ូតូចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង១៥នាទី ជនរងគ្រោះឈ្មោះ អាយ គឹមអេង ភេទស្រី អាយុ២៣ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកស្កូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1AI-6364 មានលេខតួ និងលេខម៉ាស៊ីន 8000239 ចេញពីកន្លែងធ្វើការនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មកឌុបមិត្តភក្តិឈ្មោះ បេ ខាគៀង ភេទស្រី អាយុ២៣ឆ្នាំ ពីផ្ទះស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញតែគុជ នៅផ្សារដើមគរ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះ ក៏បានបើកម៉ូតូម៉ាកខាងលើឌុបឈ្មោះ បេ ខាគៀង ចេញពីផ្សារដើមគរ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិជើងឯកវិញ ដោយបានទុកទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌ទឹកមាស ចំនួន០១គ្រឿង នៅឃ្លុបម៉ូតូ ខាងមុខផ្នែកខាងស្តាំ ។ ពេលជនរងគ្រោះឌុបមិត្តភក្តិតាមផ្លូវ២១៧ ពីជើងទៅត្បូង ដល់ចំណុចខាងមុខខ្លោងទ្វារវត្តព្រះ បាទជាន់ឯក ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ជា លីពីន ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GK-7176 មានលេខតួ និងលេខម៉ាស៊ីន9764752 ស្របទិសគ្នាជាមួយនឹងជនរងគ្រោះ ។ ពេលនោះជនសង្ស័យឈ្មោះ ជា លីពីន បានបើកម៉ូតូទៅអែបខាងស្នាំដៃរបស់ជនរងគ្រោះ រួចបានលូកដៃ ឆក់យកទូរស័ព្ទម៉ាកខាងលើ របស់ជនរងគ្រោះ ពីក្នុងឃ្លុបម៉ូតូ ក៏ប៉ះដៃចង្កូតគ្នាដួលម៉ូតូទាំង០២គ្រឿង ជនរងគ្រោះបានរងរបួសរលាត់ស្បែកត្រង់ ក្បាលជង្គង់ខាងស្តាំង, កែងដៃខាងស្តាំ និងចុងចិញ្ចើម ខាងស្តាំ (របួសស្រាល) ។ ហើយជនសង្ស័យឈ្មោះ យ៉ា ដែលអង្គុយខាងក្រោយបានស្ទុះទៅរើសយកទូរស័ព្ទដៃរបស់ជនរងគ្រោះ រួចពួកគេ (ជនសង្ស័យទាំង០២នាក់) ក៏លើកម៉ូតូបើកឌុបគ្នាគេចខ្លួនទៅទិសខាងត្បូង ហើយជនរងគ្រោះក៏បានស្រែកឆោឡោថាចោរ ភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុនោះស្រាប់ បានជួយអន្តរាគមន៍ដេញតាមពីក្រោយ ជនសង្ស័យបានចម្ងាយប្រហែល១៥០ម៉ែត្រ ជនសង្ស័យក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួនចូលទៅក្នុងព្រៃ ។ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជា លីពីន រួមនឹងវត្ថុតាង ១-ម៉ូតូម៉ាក ហុង ដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GK-7176 មានលេខតួ និងលេខម៉ាស៊ីន9764752 ចំនួន០១ គ្រឿង, ២-ទូរស័ព្ទដៃម៉ាក Iphone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង, ៣-ដែកចុងស្រួចបែកខ្នែងជាបីចំនួន០១ , ៤-កូនកន្ត្រៃតូច ពណ៌សចំនួន០១, ៥-ដែកចុងស្រួចពណ៌សចំនួន០១, ៦-កាបូប ស្ពាយព៌ខ្មៅចំនួន០១, ៧-កូនសោរ ម៉ូតូ ចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ យ៉ា បានរត់ គេចខ្លួនបាត់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំពោះជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់