ព័ត៌មានជាតិ

ម្ចាស់ផ្ទះគោះទ្វារហៅមិនឮសំឡេងតប ស្រាប់តែរុញទ្វារចូលមើលឃើញដេកស្លាប់នៅក្នុងបន្ទប់គេង បាត់ទៅហើយ!

ភ្នំពេញៈ ស្ត្រីម្នាក់ដែលជាអ្នកបម្រើការនៅក្នុងផ្ទះមួយកន្លែង ត្រូវបានម្ចាស់ផ្ទះប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់គេង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្ទះលេខ៥២E1 ផ្លូវ១៩ ក្រុម៤១ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ិន ចាន់រ៉ា ហៅអាស្រស់ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ អ្នកបម្រើក្នុងផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

បើតាមការបញ្ជាក់ពីឈ្មោះ ចិត្រ រំចង់ដែន ភេទស្រី អាយុ ៤៦ឆ្នាំ មានស្រុកកំណើតភូមិ១ ឃុំ២ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាម្ចាស់ផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើបានចូលមកធ្វើការនៅផ្ទះរបស់គាត់ ចាប់តាំងពីឆ្នាំ២០១៨ មកហើយ ដោយក្នុងនោះទទួលបានប្រាក់ខែ ១៧០ដុល្លារ ក្នុងមួយខែ ដោយជនរងគ្រោះធ្លាប់មានប្រវត្តិជំងឺស្រឺត (ខ្សោយបេះដូង) ប្រចាំកាយ, កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានមុតជើងចេញឈាម ហើយជនរងគ្រោះក៏បានទន់ជើងដួលសន្លប់ ក្រោយមករូបគាត់ ក៏បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលារួចក៏ធូរ និងត្រឡប់មកផ្ទះវិញ។

លុះដល់ព្រឹកឡើងម៉ោងកើតហេតុខាងលើ រូបគាត់បានមកដល់ផ្ទះ ដើម្បីបើកហាងដោយមិនទាន់ឃើញជនរងគ្រោះចុះពីលើបន្ទប់ ពេលនោះ រូបគាត់ក៏បានឡើងទៅហៅគោះទ្វារបន្ទប់ តែមិនមានសំឡេងតបជាមួយគាត់ ភ្លាមៗនោះ រូបគាត់ក៏រុញទ្វារចូលទៅក្នុង ទើបដឹងថាជនរងគ្រោះដេកមិនកម្រើក រួចក៏តេហៅរថយន្តសង្គ្រោះ ពេលដែលរថយន្តមកដល់ក្រុមគ្រូពេទ្យ ក៏បានពិនិត្យមើល រួចប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ។

ក្រោយពីកើតហេតុ ក៏បានរាយការណ៍ទៅកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងកន្លែងកើតហេតុខាងលើ នឹងបានធ្វើការទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច័យ ចុះមកធ្វើការពិនិត្យ។ ក្រោយពីធ្វើការពិនិត្យ តាមលទ្ធផលជំនាញបច្ចេកទេស និងលោក នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ស្លាប់ដោយគាំងបេះដូង (អាចបណ្ដាលមកពីជំងឺបេះដូង)។

ក្រោយពេលបញ្ចប់ការពិនិត្យរួចមក កម្លាំងសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះខាងលើ ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់