CAMSOC-ភ្នំពេញ៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា(ផ្នែកនារី) បានដំណើរការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍នៃប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញហើយ ដោយម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ កីឡាការិនី អ៊ុក ស្រីមុំ បានឡើងដល់វគ្គ ៨នាក់ចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ) លើវិញ្ញាវាយយកពិន្ទុ ខណៈវិញ្ញាសា ៣ទល់៣ ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះគូប្រជែង ២ប្រកួតជាប់គ្នា។
កីឡាការិនី អ៊ុក ស្រីមុំ បានឈរលេខរៀងទី៣ និងរកបាន ២៩ពិន្ទុ ក្នុងចំណោមកីឡាការិនី ៣៦នាក់ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះបឋម នៃវិញ្ញាសាវាយយកពិន្ទុផ្នែកនារី កាលពីយប់ថ្ងៃសុក្រម្សិលមិញ ។ លទ្ធផលនេះ បានធ្វើឲ្យលោកស្រីទទួលបានកៅអីវគ្គបន្ដ ដើម្បីក្ដោបឱកាសឆ្ពោះទៅប្រជែងមេដាយជូនជាតិ ជាក់ស្ដែងថ្ងៃនេះ លោកស្រី នឹងត្រូវជួបកីឡាការិនីកាណាដា ក្នុងវគ្គ ១/៤ ខណៈអ្នកឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកពិភពលោកនេះ។
ដោយឡែកវិញ្ញាសាក្រុមនារី ៣ទល់៣ វិញ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលមានកីឡាករ អ៊ុក ស្រីមុំ, ស្រ៊ាង សុរ៉ាឃីម និង អ៊ុន ស្រីយ៉ា រួមទាំងកីឡាការិនីបម្រុង ឃួន យ៉ារី បានបញ្ចប់ការប្រកួត ២ជុំដំបូង ជាមួយលទ្ធផលដ៏ល្អ ដោយយកឈ្នះទាំង ២ប្រកួតផ្ទួនៗ ពោលគឺឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយពិន្ទុ ១១-៧ និងឈ្នះក្រុមជម្រើសជាតិន័រវេស ដោយពិន្ទុ ១៣-២ មុនបន្ដប្រកួតជុំទី៣ ជាមួយក្រុមម្ចាស់ផ្ទះអេស្ប៉ាញ នៅរាត្រីថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។
គួរដឹងថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួមព្រឹត្តិការណ៍ពិភពលោកខាងលើ ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦-វិច្ឆិកា ដើម្បីត្រៀមការប្រកួតពីថ្ងៃទី១៩-១២១ ខែវិច្ឆិកាខាងមុខ ។ ចំពោះបេក្ខភាពកីឡាករមាន ៤រូបដូចគ្នា រួមមានអតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។ បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា៕
មតិយោបល់