ព័ត៌មានជាតិ

រថយន្តកុងតឺន័រ​២​គ្រឿង​ ប៉ះទង្គិច​គ្នា​ នៅ​​ផ្លូវជាតិ​លេខ​៤​​ រងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត​កុងតឺន័រ​ប្រភេទ​សណ្តោង​២​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ម្នាក់​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​៥​និង​១៥​នាទី​ព្រឹក​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គឺ​ឡូ​ម៉ែត្រ​ ៣៨-៣៩​ ត្រង់​ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​រថយន្ត​ទី​១​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ​ ពណ៌​ស​ លាយ​ក្រហម​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 3C-4818​ សណ្តោង​រ៉ឺ​ម៉ក​ពាក់ផ្លាក​លេខ​ ព្រះ​សីហ​នុ​ 4A-0845​ អ្នកបើកបរ​ ឈ្មោះ​ សុខ​ ប៉​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​មនោ​រម្យ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​រថយន្ត​ ១​គ្រឿង​ម៉ាក​ STERLING​ ពណ៌​ខៀវ​ ពាក់ផ្លាក​លេខ​ភ្នំពេញ​ 3C-3302​ សណ្តោង​រ៉ឺ​ម៉ក​ពាក់ផ្លាក​លេខ​ភ្នំពេញ​ 4A-2470​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ចុះ​គេចខ្លួន​)​ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ ។​

​ក្នុង​ករណី​នេះ​បណ្តាលឲ្យ​គ្រោះថ្នាក់​មនុស្ស​ម្នាក់​រង​របួសធ្ងន់​ ឈ្មោះ​ សុខ​ ប៉​ និង​ខូចខាត​រថយន្ត​ ២​គ្រឿង​ ធ្ងន់​១​គ្រឿង​ ។​
​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​ចាត់ចែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់