នៅថ្ងៃអង្គារ ទី២០ កក្កដា ចិនបានបញ្ចេញប្រតិកម្មខ្លាំងៗតបនឹងការចោទប្រកាន់របស់អាមេរិក និងក្រុមសម្ព័ន្ធមិត្តនាថ្ងៃចន្ទ ទី១៩ កក្កដាដែលថា ចិននៅពីក្រោយការវាយប្រហារតាមអ៊ីនធ័រនែត និងបានការពារក្រុមចោរព័ត៌មានវិទ្យាចិនដែលបានវាយប្រហារទៅលើស្ថាប័ន ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជននៅក្នុងលោក។ ប្រតិកម្មរបស់ចិននេះបានធ្វើឡើងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកហ្សាវ លីជាំងនៅក្នុងសន្និសីទកាសែតមួយ។ តាមលោកលីជាំង ការចោទរបស់អាមេរិក និងក្រុមសម្ព័ន្ធមិត្តជារឿងមូលបង្កាច់ដោយគ្មានភស្តុតាង និងជារឿងប្រឌិតទាំងស្រុង។ ទន្ទឹមគ្នានេះ លោកលីជាំងបានចោទអាមេរិកវិញថា ជាជើងឯកនៃការវាយប្រហារតាមអ៊ីនធ័រនែត។
រឿងអាមេរិកចោទចិនពីការវាយប្រហារអ៊ីធ័រនែតទៅលើសា្ថប័នអាមេរិក លើក្រុមហ៊ុនរដ្ឋ ឬក្រុមហ៊ុនឯកជននៅអាមេរិកមិនមែនជារឿងថ្មីទេ។ មួយវិញទៀត រឿងនេះគ្រាន់ជារឿងមួយក្នុងចំណោមរឿងវិវាទផ្សេងទៀតដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងមានជាមួយគ្នា ដូចជាទាក់ទងនឹងរឿងពាណិជ្ជកម្ម រឿងក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei រឿងជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង រឿងតៃវ៉ាន់ ឬមួយក៏បញ្ហានៅហុងកុងជាដើម។ តែបើគេនិយាយតែរឿងការវាយប្រហារតាមអ៊ីធ័រនែតមួយ អាមេរិកគិតថាខ្លួនមិនមែនជាអ្នករងគ្រោះតែម្នាក់ឯងទេ គឺមានប្រទេសជាច្រើនផ្សេងទៀត ពិសេសក្រុមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន។
អ៊ីចឹងហើយបានជាលើកនេះ អាមេរិកបានមូលមតិជាមួយក្រុមប្រទេសសម្ព័ន្ធមិត្តដើម្បីថ្កោលទោសចិនដោយចោទចិនពីបទនៅពីក្រោយ ជួយទំនុកបម្រុង និងបានការពារក្រុមចោរព័ត៌មានវិទ្យាជាជនជាតិចិននៅលើទឹកដីចិន។ សម្រាប់ក្រុងវ៉ាស៊ីនតោន ការមូលមតិគ្នានេះធ្វើឲ្យការចោទប្រកាន់មានទម្ងន់កាន់តែខ្លាំងដើម្បីដាក់គំនាបលើចិន។ ក្រុមសម្ព័ន្ធមិត្តដែលបានមូលមតិជាមួយអាមេរិកមានសហភាពអឺរ៉ុប អង់គ្លេស នូវែលសេឡង់ ជប៉ុន អូស្រា្តលី កាណាដា តួកគី ហូឡង់ ឬមួយក៏អង្គការណាតូ។ តែអ្វីជាការកត់សម្គាល់ ការវាយប្រហារ និងការថ្កោលទោសចិនមិនត្រូវបានអាមេរិក និងក្រុមសម្ព័ន្ធមិត្តធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមទេ មានន័យថា ម្នាក់ៗចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ មានប្រទេសខ្លះ ដូចយ៉ាងអាមេរិកបានវាយប្រហារចិនចាស់ដៃដោយមិនសំចៃមាត់ និងប្រទេសខ្លះទៀតមានការប្រយ័ត្នប្រយែងដោយបានថ្លឹងថ្លែងពាក្យពេចន៍របស់ខ្លួន។ កំណត់សម្គាល់មួយទៀត សេចក្តីថ្លែងការណ៍មិនបានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងចិនទេ។ តែទោះជាយ៉ាងណាក៏ដោយ នេះជាការមូលមតិរួមរបស់អាមេរិក និងក្រុមសម្ព័ន្ធមិត្តថ្កោលទោសលើសកម្មភាពឌីជីថលរបស់ចិន។
មតិយោបល់