ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសពទារិកាម្នាក់ត្រូវបានអ្នកថែសួននិងរុក្ខជាតិប្រទះឃើញនៅក្នុងថង់ខ្មៅមួយដែលជនមិនស្គាល់អត្តសញ្ញាណយកផ្លុងចោលលើសួនក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញនៅម៉ោង០៧និង៤០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០២០នៅចំណុចក្រោមដើមឈើលើសួនច្បារមិត្តភាពកម្ពុជា-ថៃផ្លូវលេខ៦១កែងផ្លូវលេខ៩៦ភូមិទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីឈ្មោះលីវណ្ណៈភេទប្រុសមុខរបរកម្មករសួនច្បារនិងរុក្ខជាតិបានអោយដឹងថា:នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២០វេលាម៉ោង០៧និង២០នាទីខ្លួនបានជិះម៉ូតូចេញពីផ្ទះមកធ្វើការសំអាតសួនច្បារកន្លែងកើតហេតុខាងលើរហូតដល់ម៉ោង០៧និង៤០នាទីក៏បានឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើដោយមានការសង្ស័យក៏បានបើកមើលឃើញមានសពទារិកានៅក្នុងថង់ខ្មៅនោះរួចបានរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះដល់និងគ្រប់គ្រងកន្លែងកើតហេតុហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងបានសហការជាមួយការិយាល័យបច្ចេកទេសវិឡាសាស្ត្រការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់អង្គភាពការពារកុមារ(CPU)និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យពិនិត្យសពនិងកន្លែងកើតហេតុ។
ជាលទ្ធផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេសនិងលោកវេជ្ជបណ្ឌិតនងសុវណ្ណរ័ត្នបានបញ្ជាក់ថាកូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសំរាល)។ក្រោយពីបញ្ចប់ការពិនិត្យខាងជំនាញបច្ចេកទេសបានប្រគល់សពអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងបន្ត៕
មតិយោបល់