ព័ត៌មានជាតិ

Update៖ ផ្ទុះអាវុធជាច្រើនគ្រាប់ រវាងរថយន្តស៊េរីទំនើបពីរ គ្រឿង ទាញកាំភ្លើងបាញ់ម៉ូតូកង់បី លាន់ស្នូរដូចរន្ទះ នៅខណ្ឌទួលគោក

ភ្នំពេញៈ ករណីបើកបរមិនគោរពសិទ្ធគ្នាទៅវិញទៅមក នាំឲ្យកើតជាជម្លោះតឹងសរសៃក រវាងរថយន្តស៊េរីទំនើប២ គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង រហូតឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ ផ្អើលដល់អ្នកដំណើរពេញផ្លូវ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២៦១ ទល់មុខហាង DominosPizza ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញរថយន្តស៊េរីទំនើប២គ្រឿង ម៉ាកRolls-Royce ពណ៌ស និងមួយគ្រឿងទៀត ម៉ាក lexusRX570 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ ដោយរថយន្ត Rolls-Royce បើកពីមុខរថយន្ត lexus RX570 ខណៈធ្វើដំណើរមកជិតផ្សារស៊ិនជូរី ស្រាប់តែមានម៉ូតូកង់ឥណ្ឌារងគ្រោះមួយគ្រឿង ពណ៌លឿង បើកបរស្របទិសគ្នាពីក្រោយ ឡើងវ៉ាពីមុខរថយន្ត lexus RX570 នៅចន្លោះកណ្តាលរថយន្ដទាំងពីរគ្រឿង។

ភ្លាមៗនោះ ម្ចាស់រថយន្ត lexus RX570 បានស៊ីផ្លេឲ្យម៉ូតូកង់បីខាងលើជៀស តែអ្នកបើកនូវធ្វើធម្មតា មិនព្រមបើកទៅជៀសទៅណាទ្បើយ។
បន្ទាប់មករថយន្ដ Lexus បានឈប់នៅមុខផ្សារស៊ីនជូរី កាក់ម៉ូតូកង់បីនោះសួរនាំ ក៏កើតជារឿងឈ្លោះប្រកែកគ្នាថែមទៀត។

ដោយសារមិនចង់មានរឿងវែងឆ្ងាយ ហើយទីនោះមានមនុស្សច្រើនផង ទើបម្ចាស់រថយន្តទាំងពីរគ្រឿង បានទ្បើងបើករថយន្តទៅមុខបន្ត តែបុរសជាអ្នកបើកម៉ូតូកង់បី មិនអស់ចិត្ត បូករួមទាំងមានជាតិស្រវឹងក្នុងខ្លួនផង ក៏បានបើកម៉ូតូកង់បី តាមពីក្រោយរថយន្តទាំងពីរគ្រឿងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចស្ពានអាកាស៧ ចុះពីស្ពានមកដល់កន្លែងកើតហេតុ អ្នកបើកបរថយន្ត Lexus RX570 ទ្រាំលែងបាន ក៏ទាញកាំភ្លើងបាញ់ចេញពីក្នុងរថយន្ត សំដៅមកម៉ូតូកង់បីនោះ ត្រូវចំនួន៤គ្រាប់ផ្ទួនៗ ហើយរថយន្ត Rolls-Royce ក៏បានបាញ់បន្ថែម សំដៅទៅលើម៉ូតូកង់នោះចំនួន២ គ្រាប់បន្ថែមទៀត បណ្តាលឲ្យត្រូវម៉ូតូកង់បីធ្លុះជាច្រើនកន្លែង​លាន់ស្នូរដូចរន្ទះ ផ្អើលអស់ប្រជាពលរដ្ឋភ័យព្រលឹងចុងសក់គ្នា នៅកន្លែងកើតហេតុតែម្ដង។

ករណីនេះ មិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតម៉ូតូតូកង់បីប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្ដបង្កទាំងពីរគ្រឿង បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូកង់បីវិញភ័យស្លន់ស្លោ មិនហ៊ានទៅដាក់ពាក្យបណ្ដឹងទេ ថែមទាំងបើកម៉ូតូកង់ គេចចេញពីឆ្លងកន្លែងកើតហេតុបាត់ស្រមោល។

មួយសន្ទុះក្រោយមក សមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ រួចក៏ប្រមូលយកសំបកគ្រាប់ ទុកជាវត្ថុតាង យកមកធ្វើការស្រាវជ្រាវ និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់