ព័ត៌មានជាតិ

រថយន្ត Lexus RX300 បើកបុកម៉ូតូផ្ដាច់ជីវិតក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

កំពង់ធំ: កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត Lexus RX300 បើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ៦ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

រថយន្តបង្កម៉ាក Lexus RX300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AP-8385 មិនស្គាល់ឈ្មោះអ្នកបើកបរ។
ម៉ូតូរងគ្រោះម៉ាក ឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1D-7936 បើកបរដោយឈ្មោះ សាំង លីដា ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ សិស្សរបួសធ្ងន់ ផ្នែកក្បាល(មិនពាក់មួកសុវត្តិភាព)។ អ្នករួមដំណើរឈ្មោះ ឈឿន ស្រីនិច ភេទស្រី អាយុ ១៥ឆ្នាំ នៅភូមិម្នាវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរសិស្ស ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្តិភាព)។

ក្រោយពីកើតហេតុអ្នកបើកបររថយន្តរត់គេចបាត់ស្រមោល ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯអ្នកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់