ព័ត៌មានជាតិ

Update៖ ចាប់ខ្លួនបានហើយ ជនសង្ស័យ២នាក់ ឆក់កាបូបពីស្រ្តីម្នាក់​ បណ្តាលឲ្យដួលសន្លប់

ភ្នំពេញ: កាលពីវេលាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍កាកាបទី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបរបស់ស្រ្តីម្នាក់ បណ្តាលឲ្យរងរបួស បន្ទាប់ពីមានការចង្អុលបង្ហាញពីលោក អធិការខណ្ឌពោធិ៍សែនជ័យ រួចមកលោកនាយប៉ុស្តិ៍ កាកាបទី២ បានដឹកនាំកម្លាំងតាមក្របួចជាប់ត្រឹមរយ:ពេលមួយថ្ងៃ។

ជនសង្ស័យទី១-ឈ្មោះ ប៊ុន ឈឿនពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ទី២-ឈ្មោះ អាសង់ ទី អាយុ១៨ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ។

រហូតមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះកម្លាំងជំនាញសហការចុះឃាត់បានជនសង្ស័យទាំង២នាក់ ម្នាក់ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឃាត់បាននៅទឹកដី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខកំពត 1c-8834 មានដឹកបន្លែមកពីផ្សារធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច​ តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកនិច មិនចាំផ្លាកលេខមកពីក្រោយ បានធ្វើសកម្មភាព ឆក់យកកាបូបបានសម្រេច ដែលនៅក្នុងនោះមាន ទូរស័ព្ទ លុយ និងសម្ភារ:ផ្សេងៗទៀត រួចជនរងគ្រោះ ក៏បានដួលបោកក្បាល សន្លប់ស្តូកស្តឹង ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភាមៗ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ ព្យាយាមគេចខ្លួនបាន១ថ្ងៃ ត្រូវកម្លាំងប៉ុស្តិ៍សហការគ្នា តាមក្របួចជាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់