ព័ត៌មានជាតិ

រថយន្តដឹកដី បើកលឿនពេក ព្រលះជាមួយម៉ូតូ របួសធ្ងន់២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធុនធំប្រភេទដឹកដីបុកជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី ២១ ខែធ្នូ​ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ២៦និង២៧ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹង ករណីគ្រោះថា្នក់ចរាចរណ៍ខាលលើ ម៉ូតូរងគ្រោះម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-1625 បើកបរដោយឈ្មោះ សីម សីហា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ នៅភូមិអង្គសង្រ្គាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីតាកែវមកភ្នំពេញ(ពីត្បូងមកជើង)របួសធ្ងន់បាក់ជើងស្តាំ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ហែម ប៉ុក អាយុ៤៧ឆ្នាំ នៅភូមិអង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របួសធ្ងន់។ ចំណែករថយន្តបង្កប្រភេទដឹកដី ម៉ាកនីសាន់កង់ប្រាំមួយ ពាក់ស្លាកលេខ ភ្នំពេញ 3D-2557 អ្នកបើកបរគេចខ្លួនបាត់។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺមកពីអ្នកបើកបររថយន្តលឿនពេក ហើយបើកបរខ្វះការប្រុងប្រយ័ត្ន រីឯម៉ូតូគ្មានមួកសុវត្ថិភាព មានកញ្ចក់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះបន្ទាន់។ ចំពោះរថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់