ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ គឺជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់ ដូចស្ត្រីចិនរូបនេះលើកឡើងឡើយ ។
បន្ទាប់ពីធ្វើការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធី នៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហើយបាននាំយកមកធ្វើការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលើកឡើងថា មានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វើការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កើតឡើងមកលើរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថា ស្ត្រីរូបនេះប្រើប្រាស់សារធាតុញៀន មន្ត្រីជំនាញ បានធ្វើតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថា គាត់ពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដមែន ។
ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។
ដើម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វើការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់ ដើម្បីបំពុលបរិយាកាសសង្គមផងដែរ៕
មតិយោបល់