ភ្នំពេញៈ សហភាពអឺរុប ប្រចាំកម្ពុជា (EU) បានបង្ហាញពីជំហរបន្តជួយឧបត្ថម្ភគាំទ្ររបស់ខ្លួនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតលើអនុវិស័យផលិតកម្មកសិកម្ម ជលផល ព្រៃឈើ ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច និងបង្កើតការងារចិញ្ចឹមសត្វ។
ក្រសួងកសិកម្ម បានឲ្យដឹងនៅថ្ងៃនេះថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។ ជំនួបនោះ ភាគីទាំងពីរ បានផ្តោតលើកិច្ចពិភាក្សាអំពីការឧបត្ថម្ភគាំទ្ររបស់សហភាពអឺរុប នាពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជាការបន្តសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រសួងខាងលើ បញ្ជាក់ថា ភាគីទាំង២ បានផ្តោតជាសំខាន់លើចំណុចមួយចំនួន មានដូចជា ពិភាក្សាលើអនុវិស័យផលិតកម្មកសិកម្ម ដោយផ្តោតការយកទុកដាក់ខ្ពស់ ទៅលើការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីបន្ថែមទៅលើការដាំដុះដំណាំ ដើម្បីជួយប្រជាកសិករទទួលបានប្រាក់ចំណូលច្រើនលើកស្ទួយជីវភាព កាត់បន្ថយចំណាកស្រុក ជាពិសេសគ្រួសារកសិករដែលមានដីធ្វើកសិកម្មតូចៗ៕
មតិយោបល់