ព័ត៌មានជាតិ

ថ្មី! លួចម៉ូតូបាន លក់យកលុយទិញស្រាផឹកអស់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

បន្ទាយមានជ័យ: យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីលួចម៉ូតូបានសម្រេចហើយត្រូវម្ចាស់ម៉ូតូប្តឹងនគរបាល ក្រុងប៉ោយប៉ែតឲ្យឃាត់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ យ៉ាវ ទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះកាលពីវេលាម៉ោង២២យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២២ បានលួចម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម របស់ឈ្មោះ ណាត ស៊ីណា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិជាមួយគ្នា ខណ:ដែលជនសង្ស័យចូលទៅសុំបារីម្ចាស់ម៉ូតូដែលកំពុងតែនៅក្នុងបន្ទប់ដើម្បីជក់ រួចចេញមកវិញឃើញម៉ូតូនៅជិតឡធ្យូងក៏លួចយក ត្រូវបានម្ចាស់ម៉ូតូប្តឹងនគរបាលក្រុងប៉ោយប៉ែតឲ្យចាប់ឃាត់ខ្លួន ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូអាខ្មៅ (ណាត ស៊ីណា )នោះមែន ក្រោយពីលួចបានគេជិ:ទៅអាគារថ្មី វេលាម៉ោង១ជិត២ ឈានចូលថ្ងៃទី១១ ខែកក្កដា យកទៅលក់ឲ្យឈ្មោះ ណែត ភេទស្រី និងប្តី (មិនស្គាល់កន្លែងស្នាក់នៅ) បានតម្លៃ១៥ម៉ឺនរៀល ចំពោះលុយដែលលក់ម៉ូតូបានគេទិញស្រាផឹកអស់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា ៖ ដោយផ្អែកលើបណ្តឹងរបស់ម្ចាស់ម៉ូតូនិងចម្លើយសារភាព ជនសង្ស័យ យ៉ាវ ទី នេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីហើយដែរ៕

 

មតិយោបល់