ព័ត៌មានជាតិ

មុខសញ្ញាគាស់បន្ទប់លួចទ្រព្យ ត្រូវសមត្ថកិច្ច ឃាត់បានជាបន្តបន្ទាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ លួចទ្រព្យសម្បត្តិ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួល នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នរះ រិទ្ធិសិទ្ធ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានជនសង្ស័យ លួចគាស់បន្ទប់យកទ្រព្យសម្បត្តិរួច សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឃាត់បានជនសង្ស័យភ្លាមៗ។

តាមចម្លើយរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជាធ្វើសកម្មភាពលួចគាស់បន្ទប់ជួល របស់ប្រជាពលរដ្ឋពិតប្រាកដមែន មិនក្រោមពី១០ដងទេ ហើយក្នុងមួយលើក យ៉ាងតិចណាស់ក៏បានត្រឹម១០០$ដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ និងតាមស្វែងរកបក្ខពួកបន្ត ដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់