ព័ត៌មានជាតិ

តុលាការចេញដីកា​ឃុំខ្លួន ចោរឆក់កាបូបម្នាក់ ក្នុងគុកជាបណ្តោះអាសន្នសិន

ភ្នំពេញៈ លោក រស់ ស៊ីណា ប្រធានផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ ៧មករា បានឱ្យដឹងថា លោក លី លឹបម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ចោរឆក់កាបូបម្នាក់ ដែលបានធ្វើសកម្មភាពកាបូបពលរដ្ឋនៅម្តុំស្តុបផ្សារដេប៉ូ នៅពន្ធនាគារព្រៃ ស ជាបណ្តោះអាសន្ន។

ប្រភពបន្ថែមថា លោក គង់ សំសារ៉េត ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ ស៊ឹង ពិឡា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ចោរ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្ដុំផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា
យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ ជនត្រូវចោទខាងលើនេះត្រូវបាន សមត្ថកិច្ចខណ្ឌ ៧មករា ឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះជួល ម្ដុំសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ច បានដកហូត ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1GM-1491។

គួររំលឹកថា មានករណីឆក់កាបូបលុយរបស់ពលរដ្ឋមួយ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុច ជិតស្តុបផ្សារដេប៉ូ ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកស្រី អូន ជាជនរងគ្រោះ បានមានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនពេលកើតហេតុ លោកស្រី បានជិះម៉ូតូ ម៉ាក ហុងដា សេ១១០ ពណ៌គ្មាន ស្លាកលេខជិះចេញពីផ្សារដើមគ ទៅយកផ្លែអំពិលទឹក និងផ្លែអំពិលគួ យកទៅលក់នៅផ្សារទួលសង្កែ។

លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM-1491 បានធ្វើសកម្មភាពឆក់កាបូបលុយរបស់លោកស្រី តែឆក់មិនបាន ក៏បណ្តាលឱ្យម៉ូតូលោកស្រីដួលទាំងអស់គ្នា ធ្វើឱ្យលោកស្រី រងរបួស ចំណែកជនសង្ស័យ មានបក្ខពួក បើកម៉ូតូមកជួយសង្គ្រោះ គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូរបស់វាជិះធ្វើសកម្មភាពនៅកន្លែងកើតហេតុ៕

មតិយោបល់