កំពង់ធំៈ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើសាលាឆាន់វត្តស្រង៉ែ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីហិង្សាចេតនាមួយ បណ្ដាលឲ្យមានមនុស្សរងរបួស។
ជនសង្ស័យមានគ្នា ០២នាក់៖ ទី១ – ឈ្មោះ ញ៉ាត ភារម្យ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាងឆ្លាក់ព្រះ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងទី២ – ឈ្មោះ ជា ពីន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងថតរូប នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ ស៊ុ ផូ ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរកសិករ នៅភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសក្រោមរង្វង់ភ្នែកស្តាំ) ។
តាមការបំភ្លឺពីជនរងគ្រោះ បានឲ្យដឹងថា នៅម៉ោង ០៧ និង ០០នាទីព្រឹកថ្ងៃកើតហេតុ ខ្លួនជាអ្នកលេងឆៃយាំ បានឡើងលើសាលាឆាន់ បំណងលេងឆៃយាំថ្វាយត្រៃ ពេលឡើងដល់លើសាលាឆាន់ បានឃើញមនុស្សឈ្លោះប្រវាយប្រតប់ ទើបខ្លួនក៏ស្រែកពីចម្ងាយកុំឲ្យឈ្លោះគ្នា។
ភ្លាមនោះ ស្រាប់តែមានស៊ុមរូបថត ខ្ទាតចេញពីកន្លែងប្រវាយប្រតប់គ្នា មកត្រូវចំខ្លួន ។
ដោយទ្បែកបើតាមចម្លើយរបស់ឈ្មោះ ញ៉ាត ភារម្យ និង ឈ្មោះ ជា ពីន បាននិយាយថា៖ ខ្លួនបានឈ្លោះគ្នាប្រតាយប្រតប់គ្នាមែន តែត្រង់ស៊ុមរូបថត ទៅប៉ះត្រូវជនរងគ្រោះនោះ ពុំទទួលស្គាល់ទ្បើយ។
មូលហេតុ៖ ទំនាស់រឿងដណ្តើមគ្នាថតរូប។
ក្រោយកើតហេតុជនសង្ស័យទាំង ២នាក់ ត្រូវសមត្ថកិច្ច ហៅមកសួរនាំ បំពេញសំណុំរឿង នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕
មតិយោបល់