ព័ត៌មានជាតិ

អ៊ុយក្រែនចោទថា រុស្ស៊ីប្រព្រឹត្តអំពើប្រល័យពូជសាសន៍ តែមូស្គូបដិសេធ

(ប៊ូឆា)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថាកងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុង ទីក្រុងប៊ូឆា (Bucha)។

ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថារូបភាព និងវីដេអូដែលបង្ហាញពីសាកសពជនស៊ីវិល នៅក្នុងទីក្រុងប៊ូឆា គឺជាសកម្មភាពបង្ករឿងថ្មីមួយទៀតពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព និងវីដេអូជាច្រើនដែលត្រូវបានគេអះអាងថា ផ្តិតយកទិដ្ឋភាពចេញពីទីក្រុងប៊ូឆា ស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រពីរដ្ឋធានីកៀវ កើតមានឡើងក្រោយអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះបានប្រកាសខ្លួនដណ្ដើមគ្រប់គ្រងតំបន់រដ្ឋធានីកៀវទាំងស្រុង និងរំដោះបានទីក្រុងជាច្រើនពីដៃកងទ័ពរុស្ស៊ី។

បើតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោកស្រី អ៉ីរីណា វិននេឌីគតូវ៉ា (Iryna Venediktova) សាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេ ប្រទះឃើញនៅតាមទីក្រុងច្រើន ក្បែររដ្ឋធានីកៀវ ក្នុងនោះមានសាកសពមនុស្ស ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕

ប្រភព៖​ Reuters

មតិយោបល់