ព័ត៌មានជាតិ

ផ្ទុះហ្គាសរថយន្ត ខណៈកំពុងបញ្ចូល បង្កជាអគ្គិភ័យឆាបឆេះឡានមួយគ្រឿងទាំងស្រុង និងក្មេង ៣នាក់ រងរបួស

បន្ទាយមានជ័យ: នៅថ្ងៃសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទី មានករណីឆាបឆេះ នៅចំណុចមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាក ហាយឡេនឌ័រ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-9567 អ្នកបើកបរឈ្មោះ សារ៉ាត់ កន្និកា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុ បានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន ១៥គីឡូក្រាម នៅកន្លែងបញ្ចូលហ្គាសឈ្មោះ មុំ សុភក្រ័ ភេទប្រុស អាយុ ២១ឆ្នាំ (ត្រូវជាបងប្អូនជីដូនមួយ) ពេលកំពុងបញ្ចូលហ្គាស ក៏បានផ្ទុះហ្គាសរថយន្ត បណ្តាលឲ្យភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ បង្កជាអគ្គិភ័យតែម្តង ។

  • បណ្តាលឲ្យខូចខាតសម្ភារ:៖
    ១-ឆេះរថយន្តម៉ាកហាយឡេនឌ័រខាងលើខូចខាតទាំងស្រុង
    ២-ឆេះខ្សែចរន្តអគ្គិសនី ដែលបន្តោងលើបង្គោលភ្លើង
    ៣-គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន
  • ជនរងគ្រោះមានចំនួន ៣នាក់៖
    ១-សារ៉ាក កក្កដា ភេទប្រុស អាយុ ១៤ឆ្នាំ រងរបួសជើងទាំងសងខាង។
    ២-ហ៊ន់ សុវណ្ណារី អាយុ ៥ឆ្នាំ រងបួសរលាកដៃជើង និងផ្ទៃមុខ។
    ៣-ហ៊ន់ ដាណេ អាយុ ៧ឆ្នាំ រងបួសរលាកដៃជើងនិងផ្ទៃមុខ។

អគ្គិភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង២០នាទី កិច្ចប្រតិបត្តិការរថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន ១គ្រឿង និងរថយន្តអគ្គិភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន ២គ្រឿង (អស់ទឹកចំនួន ៤ឡាន) ៕

មតិយោបល់