ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

តាកែវ: នៅថ្ងៃសុក្រ ១៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១នឹង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ក្នុងភូមិចម្ការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1W-7479 បើកបរដោយឈ្មោះ ញ៉េន សាម៉ន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិបាត់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) មានឌុបមនុស្សម្នាក់ ពីក្រោយឈ្មោះ ឃៀន លាប ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ តុប តារា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងត្បូង។

ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែកក្រុងដូនកែវ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ករណីខាងលើបណ្តាលមកពីការមិនប្រកាន់ស្តាំ៕

មតិយោបល់