ព័ត៌មានជាតិ

រោងសិប្បកម្ម ចម្លាក់កូនខ្មែរជាងយ៉ែមគឹមស្រៀង ត្រូវរថយន្ត Range Rover បើកលឿនដូចហោះ​ រេចង្កូតបុករូបចម្លាក់ព្រះបដិមាខូចខាតជាច្រើនអង្គ គិតជាទឹកប្រាក់១៥០០០ដុល្លារ

ភ្នំពេញៈ រថយន្ដ Range Rover បើកបរនិងរួមដំណើរ​ដោយបុរស៣នាក់​ ​ធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ ​ដល់ចំណុចផ្លូវកោង​មិនបន្ថយល្បឿន​ ក៏ជ្រុលទៅបុករូបចម្លាក់​ព្រះបដិមាព្រះពុទ្ធ ឆ្លាក់ចេញពីថ្មភ្នំ ​បណ្តាលឲ្យរងការខូចខាត ជាច្រើនអង្គ ​ចំណែករថយន្តបង្ក​ រេចង្កូតក្រឡាប់ផ្ងារជើងច្រង៉ាងទ្រមេឃ អូសជាង៥០ម៉ែត្រ ទៅបុកផ្ទប់និងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវហាណូយ ភូមិឃ្មួញចំណុចរោងសិប្បកម្ម (ចម្លាក់កូនខ្មែរជាងយ៉ែមគឹមស្រៀង) ភូមិឃ្មួញសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្ដបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BI-1669 បើកបរនិងរួមដំណើរដោយបុរស៣នាក់​ របួសធ្ងន់អ្នកបើកបរ​ ចំណែកអ្នករួមដំណើររងរបួសស្រាល ។

យោងតាមប្រភពព័ត៌មាន​ពីម្ចាស់សិប្បកម្មរងគ្រោះខាងលើ​ បានប្រាប់ឲ្យដឹងថា​ ​មុនកើតហេតុ គឺមានរថយន្តបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោងខ្លាំង ហើយរថយន្ដបង្កបើកលឿនមិនបន្ថយល្បឿន និងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុក រូបចម្លាក់ព្រះពុទ្ធ បណ្តាលឲ្យខូចខាតជាច្រើនអង្គ ក្នុងនោះមានរូបចម្លាក់ព្រះពុទ្ធមួយអង្គធំឆ្លាក់ចេញពីថ្មភ្នំ​ រងការខូចដាច់ព្រះកេស ចេញពីព្រះកាយ ធ្លាក់ដល់ដី និងព្រះពុទ្ធបីអង្គទៀត ក៏រងការខូចខាតដូចគ្នា និងរូបចម្លាក់សត្វតោមួយ រួមនឹងរូបចម្លាក់ លោកយាយម៉ៅ មួយអង្គ ខូចខាតទាំងស្រុង សរុបការខូចខាតគិតជាទឹកប្រាក់ខាតបង់ខ្ទង់ ១៥០០០ដុល្លារឯណោះ ។ ចំណែករថយន្តបង្ក បន្ទាប់ពីបុករូបចម្លាក់ បណ្តាលឲ្យរងការខូចខាត ហើយក៏ព្យាយាមបួងចង្កូតគេចទាំងបង្ខំ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងច្រង៉ាងទ្រមេឃ អូសនិងថ្នល់ជាង៥០ម៉ែត្រ ទៅបុកផ្ទប់ និងខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង ។ បន្ទាប់ពីបង្កហេតុ គេឃើញមានបុរស៣នាក់ លូនចេញពីរថយន្ដបង្កខាងលើនោះ មកហើយបុរសម្នាក់ជាអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុរថយន្ដបង្ក​ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក បណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់