ព័ត៌មានជាតិ

មន្ត្រីមន្ទីរព័ត៌មានខេត្តកែបម្នាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីគំរាមហែកកេរ្ត៍ និងកំហែងទាប្រាក់ តាមfacebook

កែបៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២០ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហែកកេរ្ត៍ និងកំហែងទាប្រាក់ តាមfacebook (តាមបណ្តឹងជនរងគ្រោះ) ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីមន្ទីរព័ត៌មានខេត្តកែប រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។

ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិលើករណីនេះជាច្រើនលើកមកហើយ។ ជនសង្ស័យយើងកំពុងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់។
សូមសំណូមដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសបុក សូមប្រុងប្រយ័ត្នចំពោះល្បិចកលផ្សេងៗរបស់ជនបោកប្រាស់តាមបណ្តាញសង្គមហ្វេសបុក បើមានការសង្ស័យសូមសហការរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត៕

 

មតិយោបល់